កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនរថយន្តអគ្គិសនីប្រណិតថ្មីសន្លាងគឺ Zeekr បានបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា ដោយក្រុមហ៊ុននាំចូលរថយន្តផ្លូវការ Zeekr KH ត្រូវបាននាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន OneRoad Group ។ ព្រឹត្តិការណ៌នេះ ត្រូវបានអញ្ជើញជាអធិបតីដោយឯកឧតម្ត នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយនិងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន វ័នរ៉ូដ គ្រុប និងក្រុមហ៊ុន ZEEKR គ្រប់ជាន់ថ្នាក់ ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។
អគារតាំងបង្ហាញ និងលក់រថយន្តប្រណិត ZeekrKH នេះមានទីតាំងស្ថិតនៅលើបណ្តោយមហាវិថីព្រះមុនីវង្ស អគារលេខ757, ផ្លូវលេខ93 កែងផ្លូវលេខ432, ភូមិ3, សង្កាត់បឹងត្របែក, ខណ្ឌចំការមន, រាជធានីភ្នំពេញ។
សម្រាប់រថយន្តដែល ZeekrKH នាំចូលមកទីផ្សារកម្ពុជាសព្វថ្ងៃមាន ៤ម៉ូឌែល ដែលម៉ូឌែលនីមួយៗ សុទ្ធតែជាប្រភេទរថយន្តអគ្គិសនីប្រណិត និងទទួលបាននូវចំណាត់ថ្នាក់សុវត្តិភាពផ្កាយ៥ ពីស្ថាប័នអឺរ៉ុប Euro NCAP ទៀតផង។ មានដូចជា៖
រថយន្ត Zeekr 001 ជារថយន្តអគ្គិសនីប្រណិតប្រភេទ Sedan ដោយរថយន្តនេះសាកថ្មមួយពេញអាចបើកបរចាប់ពីចម្ងាយ ៥៨០ ដល់ ៦២០គីឡូម៉ែត្រ, មានតម្លៃចាប់ពីខ្ទង់ ៧ម៉ឺនដុល្លារឡើងទៅ។
រថយន្ត Zeekr 007 ជារថយន្តអគ្គិសនីប្រណិតប្រភេទ Sedan ដូចនឹង 001 ដែរ សាកថ្មមួយពេញអាចបើកបរចាប់ពីចម្ងាយ ៦៨៨ ដល់ ៨៧០គីឡូម៉ែត្រ, មានតម្លៃចាប់ពីខ្ទង់ ៦ម៉ឺនដុល្លារឡើងទៅ។
រថយន្ត Zeekr 009 ប្រភេទរថយន្តអគ្គិសនីប្រណិត MPV ជម្រើសសម្រាប់អ្នកមានសមាជិកបានច្រើន ភ្ជាប់មកជាមួយប្រណិតភាពបែបអភិជន រួមទាំងអាចបើកបរបានឆ្ងាយ ដោយរថយន្តនេះសាកថ្មមួយពេញអាចបើកបរចាប់ពីចម្ងាយ ៧០២ ដល់ ៨២២គីឡូម៉ែត្រ, មានតម្លៃចាប់ពីខ្ទង់ ១២ម៉ឺនដុល្លារឡើងទៅ។
រថយន្តចុងក្រោយគឺ Zeekr X ជារថយន្តអគ្គិសនីប្រណិតប្រភេទ Compact SUV រថយន្តនេះសាកថ្មមួយពេញអាចបើកបរចាប់ពីចម្ងាយ ៤២០ ដល់ ៤៤០គីឡូម៉ែត្រ, មានតម្លៃចាប់ពីខ្ទង់ ៥ម៉ឺនដុល្លារឡើងទៅ។
គួរបញ្ជាក់ផងដែរថាសប្តាហ៍មុននេះ ZEEKR ត្រូវបានចាប់ផ្តើមលក់ចែកចាយជាផ្លូវការនៅក្នុងប្រទេសថៃផងដែរ ហើយប៉ុន្មានពាក់កណ្តាលឆ្នាំនេះ បានចូលទីផ្សារប្រទេសឡាវ មីយ៉ាន់ម៉ា និងហ្វីលីពីន ហើយមកទល់ពេលនេះ ត្រូវបានដាក់លក់នៅក្នុងប្រទេសកម្ពុជា សិង្ហបុរី ម៉ាឡេស៉ី ឥណ្ឌូណេស៉ី និងវៀតណាមទៀតផង៕